ឆ្នេរ​មួយ​នៅ​ភាគ​ខាងត្បូង​កោះរ៉ុង ហៅថា “ឆ្នេរ​ឡុងសិត”

កោះរ៉ុង គឺ​ជា​កន្លែង​ដែល​មនុស្ស​ទូទៅ​ច្រើន​ស្គាល់​និយម​ទៅ​ទស្សនា និង​សម្រាក​លំហែ​យ៉ាង​ច្រើន​កុះករ។ ដោយឡែក​​ ​ឆ្នេរ​មួយ​នៅ​ភាគ​ខាងត្បូង​កោះរ៉ុង ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ហាក់​មិន​សូវ​មាន​មហាជន ទេសចរ ឬ​អ្នក​ធ្វើដំណើរ​ស្គាល់​ប៉ុន្មាន​ទេ។

ទឹក​សមុទ្រ​នៅ​ឆ្នេរ​ឡុងសិត មាន​សភាព​ថ្លា និង​មិន​មាន​ការ​ចោល​សំរាម​ពាស​វាល​ពាសកាលនៅ​លើ​ឆ្នេរ​ទេ។​ នៅ​តំបន់​នោះ​ដែរ​ មាន​ប្រជាជន​ច្រើន​ប្រកបរបរ​កសិកម្ម ដោយ​ដាំ​ដុះ ដើមដូង​ ដើម​កោងកាង និង​ដើម​ស្វាយចន្ទី។

ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ព្រះសីហនុ​ទៅ​កាន់​កោះរ៉ុង​​មាន​រយៈពេល​ចាប់​ពី៣០​នាទី ទៅ ១:៣០នាទី តាម​រយៈ​ទូក​ឯកជន ឬ​ទូក​ទេសចរ​ដូចជា ប៊ូវ៉ាស៊ី, ជីធីវីស៊ី, Angkor Speed Ferry ឬ Cambodia Speed Ferry Island ជាដើម។ មធ្យោ​បាយធ្វើ​ដំណើរ​មាន​តម្លៃ​ចាប់​ពី៥ដុល្លា ដល់​២៥ដុល្លា ទៅ​តាម​ប្រភេទ​យានជំនិះ និង​ក្រុមហ៊ុន។

សម្រាប់​ការ​ស្នាក់​នៅ​ឆ្នេរ​ឡុង​សិត​វិញ មាន​ផ្ទះសំណាក់​ និង​បឹងហ្គាឡូច្រើន​ប្រភេទ​ផ្សេងៗគ្នា ដូចជា​សម្រាប់​លក្ខណៈ​គ្រួសារ គូស្នេហ៍ និង​ជា​ក្រុម។​ បឹងហ្គាឡូដែល​នៅ​ជិត​ជាង​គេ​នៅ​ឆ្នេរ​ឡុងសិត​គឺ Treehouse ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះរ៉ុង។

ក្រៅ​ពី​នេះ​ក៏​មាន​បឹង​ហ្គាឡូ​ផ្សេងៗ​ទៀត​ដូច​ជា ឡុង​សិត​រីសត ​មាន​តម្លៃ​ចាប់​ ​៨០ដុល្លាឡើងទៅ ដែល​សម​ស្រប​បំផុត​សម្រាប់​លក្ខណៈ​គូស្នេហ៍ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ នៅ​ទីនោះ​ក៏​មាន​អាង​ហែល​ទឹក មីនីម៉ាត និង​ភោជនីយដ្ឋាន​ខ្មែរ-អឺរ៉ុប។

ចំណែក Pura Vita Resort មាន​ចាប់ពី​តម្លៃ ៤០ដុល្លា និង​ Reef On The Beach មាន​តម្លៃចាប់ពី៣៥ដុល្លា ដែល​ជា​ជម្រើស​សមរម្យ​មួយ​ទៀត​សម្រាប់​អ្នក​ធ្វើដំណើរ៕