ប្រាសាទ បេងមាលា ភ្ញៀវ​ទេសចរ​ចិន​រំលង​មិន​បាន

ភ្ញៀវ​ទេសចរ​ចិន​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ចំពោះ​ប្រាសាទ បេង​មាលា ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជាច្រើន​ទៀត។ហុង មិនា

ថ្វី​ដ្បិត​តែ​ចម្ងាយ​ផ្លូវ​លំបាក​ជាង ៨០ គីឡូម៉ែត្រ​ទំនង​ជា​ធ្វើ​ឲ្យ​ទេសចរ​ខ្មែរ​រារែក​ទៅ​ទស្សនា​ប្រាសាទ បេង​មាលា ក្ដី​ក៏​សំណង់​បុរាណ​ដ៏​ទ្រុឌ​ទ្រោម​នេះ​នៅ​តែ​ជា​ទិស​ដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​មក​ទស្សនា​ខាន​មិន​បាន។

ដោយ​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​តាម​សៀវភៅ​មគ្គុ​ទេ្ទសក៍​ទេសចរណ៍ ជា​ពិសេស ភាពយន្ដ​រឿង «Two Brothers» ដែល​បាន​ផ្ដិត​យក​រូបភាព​ប្រាង្គ​ប្រាសាទ​នានា រួម​ទាំង បេង​មាលា ផង​ដែរ ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​រាប់​សិប​កន្លែង​ក្នុង ខេត្ដ​សៀមរាប ប្រាសាទ​បេង​មាលា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​បំផុត​ពី​ភ្ញៀវ​ជនជាតិ​ចិន ក្រៅ​ពី​ទិស​ដៅ​ចំនួន ២ ផ្សេង​ទៀត។

លោក ម៉ម សុណន់ឌី ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ផ្នែក​ភាសា​ចិន ដែល​បាន​ដឹក​នាំ​ភ្ញៀវ​ជនជាតិ​ចិន​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​នានា បាន​ឲ្យ​ដឹង​ថា៖ «ក្រៅ​ពី​ទី​ប្រាសាទ​អង្គរវត្ដ និង​អង្គរ​ធំ ភ្ញៀវ​ជន​ជាតិ​ចិន​តែង​តែ​ចង់​ឃើញ​ប្រាសាទ​បេង​មាលា​ជា​ចាំ​បាច់ ពីព្រោះ​ប្រាសាទ​បាក់​បែក​នេះ​មាន​នៅ​ក្នុង​រឿង Two Brothers ដែល​ពួក​គេ​បាន​ទស្សនា»។

មគ្គុទេ្ទសក៍​ទេសចរណ៍​ដែល​និយាយ​ភាសា​ចិន​បាន​យ៉ាង​ស្ទាត់​ជំនាញ​នេះ បាន​បន្ដ​ថា៖ «ចំណោម​ភ្ញៀវ​ទេសចរ​ចិន ១០០ ភាគរយ​ដែល​មក ខេត្ដ​សៀមរាប ៨៥ ទៅ ៩០ ភាគរយ​ទៅ​ហើយ​ដែល​ដាច់​ខាត​មិន​អាច​ចោល​ប្រាសាទ​បេង​មាលា ឡើយ»។

Two Brothers គឺជា​ភាពយន្ដ​បែប​ផ្សង​ព្រេង​ក្នុង ឆ្នាំ​២០០៤ ដែល​ដឹក​នាំ​ដោយ​Jean-Jacques Annaud។ វា​បាន​បង្ហាញ​ពី​បង​ប្អូន​សត្វ​ខ្លា ២ ក្បាល គូម៉ា និង​សង្ហា ដែល​បាន​បែក​គ្នា​តាំង​ពី​តូច ហើយ​បាន​ជួប​គ្នា​វិញ​នៅ​រយៈ​ពេល ១ ឆ្នាំ​ក្រោយ។

ភាពយន្ដ​ដែល​រៀបរាប់​ពី​ដំណើរ​រឿង​ក្នុង​ទសវត្សរ៍ ទី២០ អំឡុង​អាណា​និគម​និយម​បារាំង​លើ​ទឹក​ដី​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រាត់​ប្រាស់​គ្នា​រវាង​កូន​ខ្លា​ទាំង​ពីរ​ក្រោយ​ពី​ប្រាសាទ​បុរាណ​ដែល​ពួកគេ​រស់​នៅ​ត្រូវ​បាន​រំខាន​ដោយ​ចោរ​លួច​វត្ថុ​បុរាណ​យក​ទៅ​ដាក់​ដេញ​ថ្លៃ​នៅ ទីក្រុង​ឡុងដ៍។ ការ​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការ​សម្ដែង​របស់​សត្វ​ទាំង​នេះ​នៅ​លើ​ប្រាសាទ​ដ៏​បាក់​បែក​នេះ​ពិត​ជា​បាន​អន្ទង​ព្រលឹង​អ្នក​ស្រឡាញ់​ធម្មជាតិ​ឲ្យ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO នៅ ឆ្នាំ​២០១៣ ទេសចរ​ចិន​មាន​ចំនួន​ជាង ៤៦ ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ដ​ប្រទេស​កម្ពុជា។ ចំពោះ ឆ្នាំ​២០១៤ នេះ​តួលេខ​នេះ​បាន​ហក់​ឡើង ១៨,៥ ភាគរយ​សម្រាប់ ៦ ខែ​ដំបូង។

គំនរ​ថ្ម​បាក់​បែក​នៃ​ប្រាសាទ បេង​មាលា ចាក់​ឫស​ព័ន្ធ​ព័ទ្ធ​ដោយ​រុក្ខជាតិ​តូច​ធំ។

 

គំនរ​ថ្ម​បាក់​បែក​នៃ​ប្រាសាទ បេង​មាលា ចាក់​ឫស​ព័ន្ធ​ព័ទ្ធ​ដោយ​រុក្ខជាតិ​តូច​ធំ។ ហុង មិនា

កញ្ញា ប៊ី យូ វ័យ ២២​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​មក​លេង ខេត្ដ​សៀមរាប រយៈ​ពេល ៥​ថ្ងៃ ជាមួយ​ក្រុម​គ្រួសារ និង​ភ្ញៀវ​ទេសចរ​ដទៃ បាន​ឲ្យ​ដឹង​ថា កញ្ញា​ចង់​ឃើញ​ប្រាសាទ បេង​មាលា ផ្ទាល់​ភ្នែក​ក្រោយ​ពី​បាន​ទស្សនា​ភាពយន្ដ​រឿង «Two Brother»។

យុវតី​មក​ពី​ក្រុង​ស៊ិនជិន រូប​នេះ​បាន​និយាយ​ថា៖ «ក្រោយ​ពី​ខ្ញុំ​ទស្សនា​រឿង​នោះ​រួច ខ្ញុំ​ចង់​ឃើញ​ប្រាសាទ​បុរាណ​បាក់​បែក​ទាំង​នោះ​ផ្ទាល់​នឹង​ភ្នែក​ណាស់។ ពេល​នេះ​ខ្ញុំ​បាន​ឃើញ​ហើយ ពិត​ជា​អស្ចារ្យ​ណាស់»។

ចំពោះ​ប្រវត្ដិ​ត្រួសៗ​នៃ​ប្រាសាទ បេង​មាលា នេះ លោក​បណ្ឌិត មីសែល ត្រាណេ ជា​បុរាណ​វត្ថុវិទូ បាន​រៀបរាប់​ថា ប្រាសាទ​បេង​មាលា ស្ថិត​នៅ ភូមិ​បេង​មាលា ស្រុក​ស្វាយ​លើ ខាង​កើត​ជើង​ភ្នំ​គូលែន ប្រហែល ៨០ គីឡូម៉ែត្រ​ពី ក្រុង​សៀមរាប។ ប្រជា​ពលរដ្ឋ​ខ្លះ​ច្រឡំ​ថា ប្រាសាទ​នេះ​ឈ្មោះ​បឹង​មាលា។

លោក​បន្ដ​ថា៖ «តាម​ពិត​ពាក្យ​ថា​បឹង វា​គ្មាន​ន័យ អ្វី​ទេ ពីព្រោះ​បេង​គឺជា​ឈ្មោះ​រុក្ខជាតិ ហើយ​មាលា មក​ពី​ពាក្យ​បាលី​ថា ផួង​ផ្កា»។

លោក​បាន​បន្ថែម​ថា ប្រាសាទ​ដ៏​ទ្រុឌ​ទ្រោម​នេះ​មាន​រចនា​ប័ទ្ម​ស្រដៀង​នឹង​ប្រាសាទ​អង្គរវត្ដ ហើយ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យវរ្ម័ន​ទី២ នៅ​ចុង​សតវត្សរ៍ ទី១១ និង​ដើម​សតវត្សរ៍ ទី១២ លើ​ផ្ទៃ​ដី​ប្រមាណ ១៤ ហិកតា។

អ្នក​បុរាណ​វត្ថុ​វិទូ​រូប​នេះ បាន​លើក​ឡើង​ថា៖ «ប្រាសាទ​បេង​មាលា ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​អាទិទេព​នៃ​ព្រះវិស្ណុ​ក្នុង​ព្រហ្មញ្ញ​សាសនា»។

លោក មាស សុផា ជា​មគ្គុទេ្ទសក៍​ទេសចរណ៍ ប្រចាំ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ មួយ​ក្នុង ក្រុង​សៀមរាប បាន​រៀប​រាប់​ថា៖ «ចំពោះ​ភាព​ស្រដៀង​គ្នា​នៃ​ប្រាសាទ​ទាំង​ពីរ ស្ថាបត្យករ​ជំនាន់​នោះ​បាន​សាងសង់​ប្រាសាទ​បេង​មាលា សម្រាប់​ធ្វើ​ជា​ប្លង់​មេ​ដើម្បី​ឈាន​ទៅ​កសាង​ប្រាសាទ​អង្គរវត្ដ ប្រកប​ដោយ​ជោគជ័យ»។

អ្នក​នាំ​ភ្ញៀវ​ដើរ​កម្សាន្ដ​តាម​ប្រាង្គ​ប្រាសាទ​រូប​នេះ បាន​បន្ដ​ថា ប្រាសាទ​បេង​មាលា មាន​រចនាប័ទ្ម​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ដ ចាប់​ពី​ផ្លូវ​ចូល ចម្លាក់​លើ​គ្រោង​ទ្វារ និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​រហូត​ដល់​បណ្ណាល័យ​ទៀត​ផង។ ប៉ុន្ដែ​ចំពោះ​ភាព​ប្លែក​គ្នា​បន្ដិច​បន្ដួច​នោះ​គឺ ប្រាសាទ​អង្គរវត្ដ មាន​ច្រក​ចូល​ធំ​តែ​មួយ​នៅ​ទិស​ខាង​លិច ហើយ​ច្រកចូល​របស់​ប្រាសាទ​បេង​មាលា មាន ៤ ទិស​តែ​ចម្លាក់​រចនា​លើ​ប្រាសាទ​មិន​លម្អិត​ដូច​នៅ​អង្គរវត្ដ​នោះ​ទេ។

លោក​បង្ហាញ​ថា នៅ​លើ​ដុំ​ថ្ម​នីមួយៗ​មាន​ប្រហោង​តូចៗ​ពី ៦ ទៅ ១០ ដែល​ជាប់​ស្នៀត​ឈើ​ខាង​ក្នុង​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា មនុស្ស​សម័យ​នោះ​បាន​ប្រើ​ឈើ​ដោត​ធ្វើ​ជា​ស្នៀត​ដើម្បី​តម្កល់​ភ្ជាប់​ថ្ម​មួយ​ទៅ​ថ្ម​មួយ​ទៀត។ នៅ​ពេល​ស្នូល​ឈើ​រលួយ​ទៅ ថ្ម​ទាំង​នោះ​នៅ​តែ​មាន​លំនឹង​អាច​ទ្រ​ជាប់​គ្នា​ដដែល។

សម្រាប់​ការ​ចូល​ទស្សនា​ភ្ញៀវ​បរទេស​ត្រូវ​បង់​ប្រាក់ ៥ ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​អភិរក្ស និង​កសាង​ជណ្ដើរ​ឲ្យ​ងាយ​ស្រួល​ដើរ​គយ​គន់​ប្រាសាទ​រចនាប័ទ្ម​អង្គរ​ដែល​បាក់​បែក​ស្ទើរ​តែ​ទាំង​ស្រុង។

លោក​បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​បាក់​បែក​ដោយ​ធម្មជាតិ​ពីព្រោះ​មនុស្ស​បាន​បោះបង់​វា​ចោល​រាប់រយ​ពាន់​ឆ្នាំ និង​សង្គ្រាម​ស៊ីវិល​ដែល​ក្រុម​ខ្មែរ​ក្រហម​ធ្វើ​ជា​ទីតាំង​ប្រយុទ្ធ ព័ទ្ធ​ជុំវិញ​ដោយ​គ្រាប់​មីន។

មគ្គុទេ្ទសក៍​ទេសចរណ៍​ម្នាក់​ទៀត​ដែល​មាន​បទ​ពិសោធ​យូរ​ឆ្នាំ លោក សុម វុទ្ធ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ខ្មែរ​ហាក់​មិន​សូវ​ខ្វល់​ខ្វាយ និង​ផ្ដល់​តម្លៃ​ចំពោះ​វប្បធម៌ ឬ​ប្រាង្គ​ប្រាសាទ​ជាតិ​ខ្លួន​ឲ្យ​ខ្លាំង​ក្លា​ប៉ុន្មាន​ទេ ដោយ​សារ​យើង​មិន​ចូល​ចិត្ដ​អាន​ប្រវត្ដិ​សាស្ដ្រ។

លោក​ថា តម្លៃ​នៃ​វត្ថុ​អ្វី​មួយ វា​កើត​ឡើង​ពី​ការ​សិក្សា​ស្វែង​យល់។ បរទេស​មក​ទស្សនា​ដោយ​សារ​តែ​ពួកគេ​ចង់​ឃើញ​នូវ​អ្វី​ដែល​បាន​រក​ឃើញ​ពី​អតីតកាល។

ដើម្បី​អភិរក្ស លោក​បណ្ឌិត ត្រាណេ បាន​បន្ថែម​ថា៖ «យើង​ត្រូវ​ការ​អ្នក​ជំនាញ ពីព្រោះ​ក្រុម​ការងារ​ខ្មែរ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ការ​ក្រុម​អន្ដរជាតិ​ដែល​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ។ យើង​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិកា​ដើម្បី​ធ្វើ​ការ​ជួសជុល ដោយ​មាន​កិច្ច​សហការ​ជាមួយ​បរទេស ដូចជា បារាំង អង់គ្លេស និង​អាមេរិក ជាដើម»។

លោក​បន្ដ​ថា៖ «យើង​អាណិត​អាសូរ​ដល់​ក្រុម​ជួស​ជុល​យើង​ដែល​ពួក​គេ​ខិត​ខំ​រៀបចំ​ផ្លូវ​ចូល កាត់​ស្មៅ និង​លើក​ដំឡើង​នាគ​បាក់​បែក​មក​វិញ។ ប៉ុន្ដែ​យើង​ត្រូវ​ប្រើ​កម្លាំង​កាយ​ច្រើន​ជាង​កម្លាំង​ប្រាជ្ញា»។

ជា​ចុង​ក្រោយ លោក​បណ្ឌិត ត្រាណេ បាន​សម្ដែង​ចំណាប់​អារម្មណ៍​ទៀត​ថា៖ «យើង​នៅ​ខ្វះ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ងាក​មក​ចាប់​អារម្មណ៍​លើ​សម្បត្ដិ​វប្បធម៌​របស់​ជាតិ​ឲ្យ​ខ្លាំង និង​នាំ​គ្នា​ជួយ​អភិរក្ស»៕