Galaxy S10 ត្រូវ​ប្រកាស​លឿន​ជាង​មុន ព្រោះ SAMSUNG មាន​ម៉ូឌែល​ថ្មី​ផ្សេង​ទៀត​ចង់​បង្ហាញ

ប្រភព​ពី​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ បាន​រាយការណ៍​ថា​ ក្រុមហ៊ុន SAMSUNG នឹង​ដាក់​បង្ហាញ​ត្រកូល Galaxy S ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ​ខែ​មករា ក្នុង​ពិព័រណ៍ CES ឆ្នាំ ២០១៩ លឿន​ជាង​ម៉ូឌែល​មុនៗ។ ដោយ​នេះ​ ក៏​ព្រោះ​ខាង​ក្រុមហ៊ុន​មាន​ស្មាតហ្វូន​ថ្មី​ផ្សេង​ទៀត គឺ​ម៉ូឌែល Galaxy X ត្រូវ​ត្រៀម​ដាក់​បង្ហាញ​បន្ត​កន្ទុយ​គ្នា។

ត្រកូល X នឹង​ចូល​ជំនួស​ថ្ងៃ​បង្ហាញ​ខ្លួន​របស់​ត្រកូល S ពោល​គឺ​ក្នុង​ពិព័រណ៍ Mobile World Congress 2019 ដែល​ប្រព្រឹត្តិ​ទៅ​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ អំឡុង​ចុង​ខែ​កុម្ភៈ។

បញ្ជាក់​ថា​ កន្លង​ទៅ​ក៏​មាន​ចចាមអារ៉ាម​លេច​ធ្លាយ​ថា Galaxy X នឹង​ប្រើ​អេក្រង់ ៣,៥ អ៊ីញ​ប្រភេទ OLED ចំនួន​បី ដោយ​ពីរ​រួម​បញ្ចូល​តែ​មួយ និង​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​បង្ហាញ​នៅ​ផ្នែក​ខាង​ក្រៅ។ ក្រឡេក​ទៅ S10/S10 Plus ក៏​រំពឹង​ប្រើ​អេក្រង់ ៥,៨ អ៊ីញ និង ៦,៣ អ៊ីញ មាន​ប្រើ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ អម​ការ​វិវត្ត​ន៍ Sensor កាមេរ៉ា​មុខ​ឡើង​ដល់ 3D ខុស​ពី​ជំនាន់ 2D បច្ចុប្បន្ន៕