លោក មហា​ធៀ វ័យ​៩២​ឆ្នាំ ជា​មេដឹកនាំ​ដែល​ឈ្នះឆ្នោត​ក្នុង​វ័យចាស់​ជាងគេ​លើ​លោក​

​លោក មហា​ធៀ មហាម៉ាត់ (Mahathir bin Mohamad) បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឡើងវិញ ក្នុង​អាយុ​៩២​ឆ្នាំ និង​១៤១​ថ្ងៃ​។ ភ្លាមៗ​នោះ សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records បាន​ចុះឈ្មោះ​របស់លោក​ក្នុង​បញ្ជី​នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើ​លោក Oldest Current Prime Minister  ។ ប៉ុន្តែ​លោក មហា​ធៀ ដែល​ធ្លាប់​ដឹកនាំ​ម៉ាឡេស៊ី​ពី​ឆ្នាំ​១៩៨១ ទៅ​ឆ្នាំ​២០០៣ ក៏ត្រូវ​ទទួលបាន​កំណត់​ត្រា​ជា​មេដឹកនាំ​រដ្ឋ​ដែល​ជាប់ឆ្នោត​ក្នុង​វ័យ​ចំណាស់​ជាងគេ​ផងដែរ​។​

លោក មហា​ធៀ មហាម៉ាត់ បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុង​វ័យ​ជាង​៩២​ឆ្នាំ លោក មហា​ធៀ ក្លាយ​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​មេដឹកនាំ​បច្ចុប្បន្ន​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក​។ លោក មហា​ធៀ ឡើងទៅ​ឈរ​លោក Beji Caid Essesbsi ប្រធានាធិបតី​ទុយ​នី​ស៊ី នាពេល​បច្ចុប្បន្ន ដែលមាន​អាយុ​៩១​ឆ្នាំ​។ ម្ចាស់​ក្សត្រិយ៍ អេ​លីហ្សា​បែ​តទី​២ ដែលជា​ព្រះប្រមុខរដ្ឋ​នៃ​ចក្រភព​អង់គ្លេស និង​ប្រជាជាតិ​កុម្ម៉ង់​វែ​ល (Commonwealth realms) មាន​ព្រះជន្ម​៩២​ព្រះវស្សា ប៉ុន្តែ​តិចជាង​លោក មហា​ធៀ ២៨៥​ថ្ងៃ​។​

 
​សម្រាប់​កំណត់ត្រា អ្នក​ដែល​ឈ្នះឆ្នោត​ក្នុង​វ័យ​ចំណាស់​ជាងគេ (Oldest Appointed Prime Minister) Guinness World Records នៅ​រក្សា​ឈ្មោះ​លោក Morarji Ranchhodji Desai នៅឡើយ បើ​គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា នេះ​។​
 
​លោក Morarji Ranchhodji Desai បានឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ឆ្នាំ​១៩៧៧ ខណៈ​លោក​មាន​អាយុ​៨១​ឆ្នាំ​។ ប៉ុន្តែ​បើតាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ លោក Paul Von Hindenburg បាន​ជាប់ឆ្នោត​សារជាថ្មី​ធ្វើជា​ប្រធានាធិបតី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៩៣២ នៅពេល​ដែ​លោក​មាន​អាយុ​៨៤​ឆ្នាំ​។ 
 
​លោក ដូ​ណា​ល់ ត្រាំ គឺជា​បេក្ខជន​ចាស់​ជាងគេ​បំផុត​ដែល​បានឈ្នះ​តំណែង​ប្រធានាធិបតី​អាមេរិក ដោយ​លោក​មាន​អាយុ​៧០​ឆ្នាំ និង​៦​ខែ នៅពេល​ចាប់ផ្តើម​កាន់តំណែង​នៅ​ថ្ងៃ​ដំបូង​។ នៅ​អង់គ្លេស កំណត់ត្រា​បាន​ទៅលើ​លោក Viscount Plamerston ដែល​បាន​ជាប់​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាយុ​៧០​ឆ្នាំ និង​៣​ខែ កាលពី​ឆ្នាំ​១៨៥៥ ។​
 
​រីឯ​អតីត​នាយករដ្ឋមន្ត្រី​ដែល​រស់​បានយូរ​ជាងគេ គឺ​សម្តេច ចៅ សែន កុសល ឈុំ ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០០៩ ក្នុង​អាយុ​ជាង​១០៣​ឆ្នាំ​។ សម្តេច​ធ្លាប់បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី​នៅ​កម្ពុជា​ចន្លោះ​ពីថ្ងៃ​ទី​៦ ខែសីហា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៦២ ។