Rolls Royce ប្រភេទ SUV ដំបូង​គេតម្លៃ ៣២ ម៉ឺន​ដុល្លារ​ពិសេស​ខ្លាំង ​សេដ្ឋី​នៅ​ខ្មែរផ្អែមមាត់មិនខាន

ថ្មីៗ​នេះក្រុមហ៊ុន Rolls Royce ដែល​ធ្លាប់​តែ​ផលិត​ឡាន​ប្រណិត​តម្លៃថ្លៃ ពេល​នេះ​បាន​បញ្ចេញ​រថយន្ត SUV ដំបូងគេ​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្រ្តឈ្មោះ Rolls Royce Cullinan ដែល​មាន​តម្លៃ​ ៣២ម៉ឺន​ដុល្លារ។ ម៉ូដែល​នេះ​នឹង​អាច​មាន​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ​ឆាប់ៗ បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​លក់​រថយន្ត​ទំនើបផុត​លេខ​​មួយ​កន្លែង​នៅ​ភ្នំពេញ។អ្នក​លក់​ខាង​លើ​ថា រថយន្ត​នេះ​មក​ដល់ខ្មែរ​តម្លៃ​មិន​ក្រោម ៥០ ម៉ឺនដុល្លារ​នោះ​ទេ ហើយ​នឹង​ពេញ​និយម​ខ្លាំង​ ដោយ​អាច​ប្រកួត​ប្រជែង SUV របស់​ក្រុមហ៊ុន Lamborghini Urus, Bentley Bentayga ស៊េរីដំបូង​របស់ Lamborghini និង Bentley ផង​ដែរ​ ដែល​តម្លៃ​រថយន្ត​ទាំង​ពីរ​នេះ​ប្រហែល ៥០ ម៉ឺនដុល្លារ​ដូចគ្នា។

Cullinan ប្រភេទ SUV ដំបូងរបស់ Rolls Royce នេះ​មាន​កម្ពស់​ខ្ពស់​ជាង Bentayga ដល់ទៅ ៤អ៊ីញ និង​ទម្ងន់ ធ្ងន់​ជាង​ដល់ទៅ ២២៥ គីឡូក្រាមឯណោះ។ រថយន្ត​ទំនើប​គ្មានពីរ​នេះ រចនារាង​លាយ​ស្ព័រ ដើម្បី​ផ្តួល Lamborghini Urus ដែល​ធ្លាប់​ល្បី​ជា​រថយន្ត​ SUV កាច់រាង​លក្ខណៈ​ស្ព័រ​សាហាវ​ប្រចាំប្រវត្តិសាស្រ្តឡាន​លើ​លោក។

កាង​ផ្នែក​ខាង​មុខ​មើល​ទៅ​ប្រហែល​មិន​ខុស​អីពី​ស៊េរី Rolls Royce ធម្មតា​ទេ តែ​វា​បំពាក់​ចង្កៀង​​ប្រដេញ​ខាង​មុខ​ឆ្លាតវៃ ប្រភេទ LED (Futuristic LED) និង​មាន​រាង​ជ្រុងៗ​បែបចតុកោណកែង។ ចំណែក​ផ្នែក​គូទ​ខាង​ក្រោយធំទូលាយ​ និង​មានកៅអី​ភ្ជាប់ស្រាប់​អាច​ឲ្យ​ម្ចាស់ឡាន​អង្គុយ​សាសងគ្នា​យ៉ាង​យ៉ាងមែនទិក។ ក្នុង​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ ស្តេច​ឡាន Cullinan នេះ​ស៊ីសាំង ១៦ លីត្រទៅ​ហើយ៕