រូបវិទូ​អង់គ្លេស​ដ៏ល្បី បាន​លាចាក​លោក​ក្នុង​អាយុ​៧៦ឆ្នាំ

រូបវិទូ ដែលមានជំនាញ ខាងតារាវិទ្យា លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) បានលាចាកលោកយើងនេះទៅហើយ នៅក្នុងអាយុ៧៦ឆ្នាំ។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រុមគ្រួសាររបស់លោក នៅព្រឹកថ្ងៃពុធនេះ។
 

ពិភពអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ កំពុងកាន់ទុក្ខ! លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) រូបវិទូជាតិអង់គ្លេស​ដ៏ល្បី ដែលមានជំនាញខាងតារាវិទ្យា បានធ្វើមរណភាព នៅព្រឹកថ្ងៃពុធទី១៤ ខែមីនានេះ ក្នុងអាយុ៧៦ឆ្នាំ។ កូនប្រុសស្រីរបស់លោកទាំងបី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃនេះដដែលថា៖ «យើងមានទុក្ខក្រៀមក្រំ យ៉ាងធ្ងន់ធ្ងរ ដោយលោកឪពុក ជាទីស្រឡាញ់របស់យើង បានលាចាកលោកទៅហើយ នៅថ្ងៃនេះ»។

 

សេចក្ដីប្រកាសព័ត៌មាននោះ បានលើកនិយាយ ពីបុគ្គលិកលក្ខណៈ របស់លោក ស្ដេហ្វិន ហាវឃីង ថាជាមនុស្ស ដែលពូកែកំប្លែងលេង មានពោរពេញដោយភាពក្លាហាន និងការតាំងចិត្តដោយមោះមុត។ អត្ថបទបានបន្តថា៖ «លោក ជាអ្នកវិទ្យាសាស្ត្រ ដ៏អស្ចារ្យ និងជាមនុស្សដ៏ពិសេស​មួយរូប ដែលការងារស្រាវជ្រាវរបស់លោក នឹងនៅស្ថិតស្ថេរ រាប់សិបឆ្នាំទៅមុខទៀត»។

 

រូបវិទូដ៏ល្បីល្បាញ បានចាប់កំណើតនៅខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង «Oxford» (ភាគកណ្ដាល) នៃចក្រភពអង់គ្លេស។ លោកសាស្ត្រាចារ្យ​បានផុតដង្ហើមទៅ នៅនឹងលំនៅដ្ឋានរបស់លោក ដែលស្ថិតក្នុងក្រុង «Cambridge» ភាគខាងកើតនៃប្រទេស។ លោកចាប់មានជំងឺ ទាក់ទង​ប្រព័ន្ធ​ប្រសាទ ​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ធ្វើ​ឲ្យ​លោក​ពិកា និង​អង្គុយ​លើ​រទេះ​ តាំងពីពេលនោះរហូតមក។​

 

 

image: https://upload.wikimedia.org/wikipedia/commons/thumb/5/50/Barack_Obama_speaks_to_Stephen_Hawking.jpg/640px-Barack_Obama_speaks_to_Stephen_Hawking.jpg

 

 

មរណភាពរបស់លោក បានបណ្ដាលឲ្យមានការរំជួលចិត្ត ជាទូទៅ មិនត្រឹមតែពីសំណាក់ក្រុមអ្នកស្រាវជ្រាវនោះទេ តែមេដឹកនាំធំៗក្នុងលោក ក៏បានសំដែងសមានចិត្ត ចូលរួមសោកស្ដាយរូបលោកដែរ។ លោក ស្ដេហ្វិន ហាវឃីង ជាម្ចាស់សំណេរ របស់សៀវភៅស្រាវជ្រាវជាច្រើន។ សៀវភៅដែលគួរឲ្យកត់សម្គាល់ជាងគេ គឺសៀវភៅ «ប្រវត្តិដ៏ខ្លីមួយ នៃពេលវេលា»។ លោកបានស្រាវជ្រាវ ពី«ប្រហោងខ្មៅ»​ក្នុងអវកាស ដោយបានដាក់ឈ្មោះរបស់លោក សម្រាប់ការស្រាវជ្រាវនោះថា «លំហផ្សែង នៃហាវឃីង»៕


Read more at https://monoroom.info/news/post/18#gv2tB4mHSfD9Efe0.99