ហេតុអ្វី​បាន​ជា​បុគ្គលិក​សុំ​ឈ​ប់​ពីការ​ងារ​

មានហេតុផល​ជាច្រើន​ដែល​ធើ្វ​ឲ្យ​មនុស្ស​សម្រេចចិត្ដ​ផ្លាស់​ប្ដូរ​ការ​ងារ។ សព្វថៃ្ងនេះ វាមិនមែនជារឿងធម្មតាទេដែល​មនុស្សម្នាក់ៗអាចរកការងារបាន ហើយធើ្វរហូតដល់ស្លាប់ផង​នោះ។

មានកត្ដាជម្រុញ​ជាច្រើនក្នុងជីវិតរស់នៅ​របស់​យើង ជាមួយនឹងភាពបត់បែន នឹងសម្បូរបែប។ ទោះបី​ជាយ៉ាងណាក៏​ដោយ វា​គឺនៅតែមានមនុស្សមួយចំនួនដែលសម្រេចចិត្ដចង់​ផ្លាស់​ប្ដូរ​ការងារ​ទៅរក​កន្លែងផ្សេងទៀត​ ទោះបីជាការងារនោះ គឺជាការងារដែលពួកគាត់កំ​ពុង​តែ​ស្រលាញ់ក៏ដោយ។ ហើយ​មូលហេតុដែលធើ្វឲ្យពួកគេសម្រេចបោះបង់ចោលការងារនោះ គឺមិនមែនមកពីបញ្ហាប្រាក់ខែ ឫទី​កន្លែ​ង​នោះទេក៏ប៉ុន្ដែនោះ​គឺបណ្ដាលមកពីកត្ដា​ និងហេតុផល​មួយចំ​នួន​ដូច​ជា៖

១. មើលងាយ នឹងមិនឲ្យតម្លៃបុគ្គលិក

នៅពេលដែលអ្នកត្រូវបានគេចាត់ទុកដូចអ្នកបម្រើ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានតម្លៃ សាកសមជាមនុស្សនោះទេ។ ពេលខ្លះ និ​យោ​ជក់ ខ្វល់តែពីប្រាក់ចំណេញ លទ្ធផល និងផលិតផលតែប៉ុណ្ណោះ។ ថ្វីត្បិតតែកត្ដាទាំងនេះ ជាចំនុចដែលធើ្វឲ្យក្រុមហ៊ុនរីកចម្រើន ប៉ុន្ដែ​ចំពោះបុគ្គលិកវិញ នឹងពិបាកក្នុងការសម្រេចបានលទ្ធផលទាំងនេះណាស់ ប្រសិនបើក្រុមហ៊ុនតម្រូវឲ្យបុគ្គលិកធើ្វការខ្លាំងប្រៀបដូចជាធើ្វបាបពួកគេ។ បុគ្គលិកគឺជាមនុស្ស ដូច្នេះពួកគេតែងមានសេចក្តីថ្លៃថ្នូរ និងចង់ឲ្យមានការលើកទឹកចិត្តពីក្រុមហ៊ុន។

២. ធើ្វការលើសកំណត់

បើទោះបីបុគ្គលិកល្អ ធើ្វការលឿនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីការធើ្វការងារលើសម៉ោងដែរ។ ជាញឹកញាប់ បុគ្គលិកឆ្នើមតែង​តែ​មានការប្ដេជ្ញាចិត្ដ និងធើ្វយ៉ាងណាឲ្យក្រុមហ៊ុនទុកចិត្ដខ្លួនបំផុត ដោយខំប្រឹងធើ្វការងារឲ្យបានល្អ។ ប៉ុន្ដែប្រសិនបើបុគ្គលិកឆ្នើមនោះ មាន​អារម្មណ៍ថា ខ្លួនកំពុងតែធើ្វការច្រើនម៉ោងទៅៗ ពោលគឺធើ្វការលើសកំណត់ ពីមួយថៃ្ងទៅមួយថៃ្ង ជាពិសេសនៅពេលដែលខំធើ្វការ​ហើយ បែរជាមិនមានការយកចិត្ដទុកដាក់ពីចៅហ្វាយនោះ ពួកគេអាចនឹងមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានគេយកផលប្រ​យោជ​ន៍​នៃការខិតខំរបស់ខ្លួន។ ដូច្នេះគេអាចនឹងពិចារណាលាឈប់ ទោះបីវាជាការងារដែលខ្លួនពេញចិត្ដក៏ដោយ។

៣. មិនមានការតម្លើងតួនាទី

ប្រាកដណាស់ បុគ្គលិកមិនចង់ធើ្វការងារអ្វីដដែលៗ ពីមួយថៃ្ង ទៅមួយថៃ្ង រាប់ឆ្នាំនោះទេផ្ទុយទៅវិញ ពួកគេតែងតែចង់យល់ដឹង និងចង់បង្កើនសមត្ថភាពក្នុងអាជីពរបស់ពួកគេ។

ជាធម្មតា បុគ្គលិកដែលចូលធើ្វការមុនដំបូង ក្រុមហ៊ុនតែងតែហ្វឹកហាត់ពួកគេជាមុន ដូច្នេះពួកគេអាចពង្រឹងនូវជំនាញ ក៏ដូចជាបទពិ​​សោធន៍របស់គេផងដែរ។ ពួកគេចង់ពង្រឹងសមត្ថភាពរបស់គេ ក្នុងស្ថាប័នដែលពួកគេធើ្វការឲ្យ ពោលគឺចង់បានអ្វីមួយ ដែលពួកគេខិត​ខំ​ប្រឹង​ប្រែងធើ្វការ ពីមួយថៃ្ងទៅមួយថៃ្ងនោះ។ ប្រសិនបើការងារដែលពួកគេធើ្វនោះ ពុំមានផ្ដល់ឱកាសក្នុងការតម្លើងតួនាទីទេ ពួកគេនឹង​បាត់បង់ទឹកចិត្ត និងអស់អារម្មណ៍ធើ្វការ ហើយអាចនឹងសុំលាឈប់ក៏ថាបាន។

៤. មិនមានការទទួលស្គាល់ស្នាដៃរបស់បុគ្គលិក

ទោះបីជាមនុស្សអាត្មានិយម ក៏នៅតែចង់បានការទទួលស្គាល់ ឫក៏រង្វាន់ សម្រាប់ការបំពេញការងារបានល្អដែរ។ ពេលខ្លះ ត្រឹមតែពាក្យ អរគុណ ដែលជាពាក្យលើកទឹកចិត្ដនោះ ក៏អាចធើ្វឲ្យអ្នកមានអារម្មណ៍ល្អ ក្នុងការខំប្រឹងធើ្វការងាររបស់អ្នកបន្ដដែរ។ នៅពេលដែល​បុគ្គលិក មិនទទួលបាននូវការទទួលស្គាល់វិញនោះ និយោជក មិនត្រឹមតែបរាជ័យក្នុងការដាស់ស្មារតីបុគ្គលិកប៉ុណ្ណោះទេ ថែមទាំង​​អាចប៉ះពាល់ដល់ការធើ្វការក្នុងក្រុមហ៊ុនទាំងមូលថែមទៀតផង។ 

ទោះបីជាអ្នកមិនមានជាប្រាក់លើកទឹកចិត្ដ ក៏នៅមានវិធីមួយចំនួនទៀតដែរ ដែលអាចធើ្វឲ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេត្រូវបានទទួល​ស្គាល់ពីសំណាក់និយោជក ដូចជាតាម ពាក្យសម្ដីលើកទឹកចិត្ដ និយាយទៅកាន់បុគ្គលិក ជាដើម។

៥. គ្មានការទុកចិត្ដពីបុគ្គលិក

បុគ្គលិកដែលឆ្នើម នឹងសម្លឹងមើលទៅលើអត្ដចរិក ការប្ដេជ្ញាចិត្ដ និងការសម្រេចចិត្តរបស់និយោជក។ ប្រសិនបើពួកគេដឹងថា និ​យោ​​ជក់ ធើ្វអ្វីមួយមិនពិតប្រាកដជាមួយអតិថិជន ភូតភរជាមួយនឹងភាគីពាក់ពន្ធ ស៊ីសំណូកជាមួយនឹងនរណាម្នាក់នោះ បុគ្គលិកឆ្នើមនោះ នឹងបាត់បង់ការទុកចិត្ត ហើយសុំឈប់។ ចំនែក ក្រុមហ៊ុនអាចនឹងជួបហានិភ័យ ដោយសារតែមិនមានបុគ្គលិកល្អ ធើ្វការ។

៦. តម្លើងតួនាទីឲ្យបុគ្គលិកខុស

ក្រុមហ៊ុនខ្លះ គឺទម្លាប់តម្លើងតំណែងឲ្យបុគ្គលិកខុស ដែលយើងអាចនិយាយបានថា ឡើងតាមខែ្ស។ ជាទូទៅគេតែងតែនិយាយថា ចៅ​​ហ្វាយ​ល្អ តែងតែតម្លើងតួនាទីដល់បុគ្គលិកឆ្នើម។ ប៉ុន្ដែសព្វថៃ្ងនេះ ការតម្លើងតួនាទីរបស់បុគ្គលិក ភាគច្រើនធើ្វឡើងតាម​​រយៈ​​ខែ្ស​ស្រ​ឡាយ​ទៅវិញ។ 

ពេលខ្លះបុគ្គលិក ខំប្រឹងធើ្វការបានល្អរាប់ឆ្នាំក៏ដោយ ក៏នៅតែមិនមានការតម្លើងតួនាទី ផ្ទុយទៅវិញ បែរជាបុគ្គលិកដែលទើបនឹងចូលធើ្វការ បានឡើងតំណែង ធើ្វឲ្យបុគ្គលិកដែលខំធើ្វការរាប់ឆ្នាំនោះ មានភាពងឿងឆ្ងល់ នឹងអស់អារម្មណ៍ក្នុងការធើ្វការងារ។

៧. ឋានានុក្រមច្រើនហួសប្រមាណ

នៅពេលដែលឋានៈ សំខាន់ជាងតម្លៃនៃបុគ្គលិកដែលខិតខំប្រឹងប្រែងធើ្វការ ច្បាស់ណាស់ថា ក្រុមហ៊ុននឹងបាត់បង់នូវឱកាសក្នុងការ​ដឹក​​នាំបុគ្គលិក ពោលគឺបាត់បង់ជំនាញក្នុងការសម្រេចចិត្ដទៅលើអ្វីមួយក្នុងក្រុមហ៊ុន។ 

ភាពជាអ្នកដឹកនាំខ្លាំងនៅក្នុងកន្លែងការងារមួយ គួរតែផ្តល់សិទ្ធិអំណាចខ្លះដល់បុគ្គលិករបស់ខ្លួន ដើម្បីឲ្យពួកគេមានភាពជឿជាក់លើខ្លួន​ឯង មានមនសិការខ្ពស់ ក្នុងការធើ្វការងារ និងដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។ 

ផ្ទុយទៅវិញ បុគ្គលិក នឹងសុំលាឈប់ នៅពេលដែលពួកគេមានអារម្មណ៍ថា សូម្បីតែរឿងតូចមួយក៏ពួកគេមិនអាចធើ្វបាន ពោលគឺត្រូវឆ្លងកាត់ចៅហ្វាយរបស់ពួកគេជាមុនសិន។